បណ្ដុះបណ្ដាលគ្រូនៅប៉ៃលិន

ក្រុម​ KhmerOS ​បាន​ធ្វើការបណ្ដុះបណ្ដាល​គ្រូបង្រៀនកម្មវិធីកុំព្យូទ័រភាសាខ្មែរ នៅទីក្រុងប៉ៃលិន​។​ ប៉ៃលិន គឺជាទីក្រុងមួយរបស់ប្រទេសកម្ពុជា ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេស និងមានព្រំប្រទល់​ជាប់ប្រទេសថៃ។​ វគ្គបណ្ដុះបណ្ដាល​មានរយៈពេល ៣ថ្ងៃ គឺ​ចាប់ពីថ្ងៃទី ១៥ ដល់ ១៧ ខែ​ កុម្ភៈ ឆ្នាំ ២០០៦ ។ យើង​បាន​បញ្ចូន​គ្រូបង្គោលនៃ​ក្រុម KhmerOS ចំនួន ២ នាក់ សម្រាប់​បង្រៀន​វគ្គបណ្ដុះ​បណ្ដាល​នេះ ។ វគ្គបណ្ដុះបណ្ដាល​នេះ​មានរយៈ​ ២៤ ម៉ោង និង ​​ត្រូវបានបណ្ដុះបណ្ដាល​​លើ​កម្មវិធី​​ដូចជា ៖ ស្លឹករឹត នព្វន្ដ ពិព័រណ៍ មេខលា មយូរា ព្រមទាំងរបៀបវាយយូនីកូដខ្មែរ និង ណែនាំអំពី​របៀបនៃ​ការដំឡើង​​កម្មវិធី​ភាសាខ្មែរផ្សេងៗ ជាដើម ។

សិក្ខាកាម​ដែលបានចូលរួម​មាន​ចំនួន ២៥ នាក់​ ហើយ​ភាគ​ច្រើននៃ​ពួកគាត់​ ​គឺជា​គ្រូ​បង្រៀន​កុំព្យូទ័រ​នៅ​តាម​​មជ្ឈមណ្ឌល​បង្រៀនកុំព្យូទ័រ​​នានា និង ជាបុគ្គលិក​មកពីតាមបណ្ដា មន្ទីរ ក្រសួង អង្គការ ស្ថាប័ននានា ដូចជា មន្ទីរអប់រំ មន្ទីរផែនការ មន្ទីរអភិវឌ្ឈន៍ជនបទ មន្ទីរកសិកម្ម មន្ទីរធម្មការ គម្រោងសិលា មន្ទីរពេទ្យបង្អែកក្រុង CHED CARDI MJP ​នៅ​ក្នុងទី​ក្រុងប៉ៃលិន ។ ដូច្នេះ យើងមាន​ការ​ងាយស្រួល​ក្នុងការបង្រៀន​ ដោយសារពួកគាត់​សុទ្ធ​តែ​ជា​អ្នក​​ដែល​ធ្លាប់​ប្រើប្រាស់​​កុំព្យូទ័រ និង ​ខ្លះ​ធ្លាប់​មានបទពិសោធន៍​បង្រៀនកុំព្យូទ័រថែមទៀតផង ។ តែទោះជា​យ៉ាង​ណា​​​ក៏ដោយ​ក្នុង​កំឡុង​ពេលបង្រៀន​ យើង​បានជួបឧបសគ្គរាំងស្ទះ​មួយគឺនៅថ្ងៃទី២នៃ​ការបង្រៀន​មានព្យុះ​ភ្លៀង​មួយ​ បាន​បោកបក់​ធ្វើឲ្យ​​រាំង​ស្ទះ​ដល់​ដំណើរ​ការបង្រៀន​​របស់​ពួក​យើង និង ធ្វើឲ្យ​ដំបូល​​ផ្ទះធ្លុះបែក នាំឲ្យ​ទឹក​ភ្លៀង​ហូរ​ស្រក់ចូលក្នុងបន្ទប់រៀន និង ​កុំព្យូទ័រ​ខ្លះត្រូវបានទឹកភ្លៀង​ហូស្រក់ចូលផងដែល ។ ប៉ុន្តែវាមិនជាបញ្ហា​អ្វីធ្ងន់ធ្ង​ប៉ុន្មានទេ ដោយ​ពួក​យើង​បាន​ចំណាយ​​ពេល​ប្រហែលជាងមួយម៉ោងរៀបចំអ្វីៗទាំងអស់ ឲ្យ​បានល្អប្រសើរ​ឡើង​វិញ ដោយឡែក​ចំពោះកុំព្យូទ័រ​ដែលទឹកភ្លៀងបានស្រក់​ចូល យើងបានប្រើឧបករណ៍ផ្លុំ​​រហូតដល់​វាស្ងួត បន្ទាប់មក​អាច​ប្រើ​បានធម្មតាវិញ ។ តែទោះបីជាមានឧបសគ្គ​ និង ការលំបាក​ខ្លះ​យ៉ាងណា​ក៏ដោយ​ ក៏​យើង​ជា​គ្រូបង្គោល​មានការ​ខិតខំបង្រៀន និង សិក្ខាកាមទាំងអស់​មាន​ការ​យកចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ ទៅលើវគ្គបណ្ដុះបណ្ដាល​នេះ ដែល​ធ្វើឲ្យ​វគ្គសិក្សានេះមាន​ដំណើរការ​ទៅយ៉ាង​មាន​ប្រសិទ្ធ​ភាព និង បានជោគជ័យ​តាមផែន​ការដែលបានគ្រោងទុក ។

Khmer