|
|
ព័ត៌មានអំពីខ្មែរអូអេសខ្មែរអូអេសនៅឯពិធី Internet Partyនៅថ្ងៃទី ១៥ ឧសភា ២០០៦ ខាងមុខ គេនឹងប្រារព្វពិធីមួយនៅឯហាង BS Department Store ។ ពិធីនេះមានឈ្មោះថា Internet Party ។ គេនឹងលើកយកបញ្ហាដែលទាក់ទងនឹងអ៊ីនធឺណិតមកពិភាក្សាគ្នានៅក្នុង ឱកាសនោះ ជាពិសេសអ្នកចូលរួមនឹងចែករំលែកចំណេះដឹង ក៏ដូចជាបទពិសោធន៍ដែលទាក់ទងនឹងអ៊ីនធឺណិតឲ្យគ្នាទៅវិញទៅមក ។ ខ្មែរអូអេសក៏នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ។ យើងគិតថា វាគឺជាឱកាសដ៏ល្អបំផុតដើម្បីពាំនាំនូវបទពិសោធន៍ដែលទាក់ទងនឹង យូនីកូដខ្មែរជូនដល់មនុស្សផ្សេងទៀត ។ យើងនឹងបង្ហាញកម្មវិធីមយូរា មេខលា និង ជជែកកំសាន្តនៅថ្ងៃនោះ ។ ប្រធានបទចម្បងដែលយើងនឹងលើកយកមកនិយាយនៅពេលនោះ គឺការផ្ញើអ៊ីមែល ការជជែកកំសាន្តដោយប្រើយូនីកូដខ្មែរ និង ការរុករកទំព័របណ្ដាញ ឬ កំណត់ហេតុបណ្ដាញដែលសរសេរជាភាសាខ្មែរដោយប្រើយូនីកូដខ្មែរ ។ យើងក៏នឹងនាំយកទៅជាមួយផងដែរនូវកំណែចុងក្រោយបំផុតនៃ ប្រព័ន្ធប្រតិបត្តិការ ស៊ូស៊ីលីនុច (នោះគឺ ១០.១) ដែលទើបតែចេញផ្សាយថ្មីៗនេះ ។ នៅក្នុងប្រព័ន្ធនេះ យើងនឹងបង្ហាញអំពីការប្រើប្រាស់កម្មវិធីមួយមានឈ្មោះថា Kopete ។ វាគឺជាកម្មវិធីសម្រាប់ផ្ញើសារ និង ជជែកកំសាន្តដ៏មានអានុភាពបំផុត ។ |