គម្រោង​ផ្តួច​ផ្តើម​កម្ម​វិធី​កុំព្យូទ័រ​ភាសា​ខ្មែរ

គោល​ដៅ

 
 
គោលបំណង​នៃ​គម្រោង​នេះគឺ ៖
  • កាត់​បន្ថយ​គម្លាត​រេខូបនីយកម្ម ​​ដោយ​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​នៅ​ក្នុង​ប្រទេស​​កម្ពុជា​មាន​ភាព​ងាយ​ស្រួល​ទៅ​តាម​​លទ្ធភាព​​​ដែល​​​អាច​​​ធ្វើ​ទៅ​បា (កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ)​​​។ កាត់​បន្ថយ​ពេល​វេលា​ក្នុង​​​ការ​រៀន​ប្រើ​​​កុំព្យូទ័រ​ក្នុង​​បរិស្ថាន​ជា​អាជីព​​​ ​​កាត់​​បន្ថយ​របាំង​ចំពោះ​ការងារ​ជាច្រើន និង​​​ធ្វើ​ឲ្យ​មាន​ការ​​​ប្រើ​ប្រាស់​​កុំព្យូទ័រ​​​​ក្នុង​សហគ្រាស​​​ធុន​​តូច​ និងមធ្យម នានា (​SME) ។​ លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ប្រើ​ភាសា​ខ្មែរ​លើ​​ប្រព័ន្ធ​​កុំព្យូទ័រ​​ក្នុង​​ជួរ​​រាជ​រដ្ឋាភិបាល​។
  • បង្កើត​​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​ដែល​​មាន​គុណ​ភាព​ខ្ពស់ ហើយ​ឥត​គិត​ថ្លៃ​ដែល​សម​ស្រប​ទៅ នឹង​សេដ្ឋកិច្ច​របស់​ប្រទេស​​កម្ពុជា​ ។
  • ធ្វើ​​ឲ្យ​​មាន​ភាព​ច្បាស់​លាស់ ​និង​ បមាណីយកម្ម​​​នូវ​​​ការ​​​ប្រើ​ប្រាស់​ភាសា​ខ្មែរឲ្យ​បាន​​ត្រឹម​​ត្រូវ​ ទៅ​តាម​លក្ខណៈ​ វប្បធម៌​ខ្មែរ​ដូចជា​​ការ​រៀប​ពាក្យ ​(តាម​លំដាប់​អក្សរ)​ ។​ បង្កើត​ពាក្យ​បច្ចេក​​​​ទេស​​កុំព្យូទ័រ​ ជា​ភាសា​ខ្មែរ​ដើម្បី​កាត់​បន្ថយ​ ការ​ប្រើ​ពាក្យ​បរទេស​​ ក្នុង​បរិស្ថាន​ការងារ​ដែល​ទាក់ទង​នឹង​កុំព្យូទ័រ ។
ជា​ពិសេស​ក្នុង​ផ្នែក​បច្ចេក​ទេស ៖
  • ចង​ក្រង​ពាក្យ​​បច្ចេក​ទេស​​កុំព្យូទ័រ​ជា​ភាសា​ខ្មែរ (សទ្ទានុក្រម​​ពាក្យ​កុំព្យូទ័រ​ អង់គ្លេស-ខ្មែរ) ។
  • អភិវឌ្ឍ​ (បកប្រែ)​នូវ​ប្រព័ន្ធ​កុំព្យូទ័រ​ផ្នែកទន់​ ដែល​នឹង​ដំណើរ​ការ​ទាំង​ស្រុង​ជា​ភាសា​ខ្មែរ ​បន្ទាប់​មក​នឹង​ធ្វើការផ្សព្វ​ផ្សាយ​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា ​។​ ប្រព័ន្ធ​នេះ​នឹង​ជា​ ផ្លូវ​នាំដល់​ការ​​ ជម្រុញ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍ ​កម្មវិធី​ ផ្នែក​ទន់​ផ្សេងៗ​​ជា​ភាសាខ្មែរ ​សម្រាប់​ប្រព័ន្ធ​ការងារ​​​របស់​រដ្ឋាភិបាល ក៏​ដូចជាផ្នែក​ ក្រុមហ៊ុន​ឯកជន​ផង​ដែរ ។
  • បង្កើត​ការ​អភិវឌ្ឍន៍​កម្មវិធី​ផ្នែកទន់​ជា​ភាសា​ខ្មែរ​ និង ​បណ្តុះ​បណ្តាល​ជំនាញ​ផ្នែក​កុំព្យូទ័រ​ ដោយ​ផ្អែកទៅ​លើ​កម្មវិធី​នេះ​ សម្រាប់​ក្រុម​ហ៊ុន​អភិវឌ្ឍ​កុំព្យូទ័រ​​ អ្នក​លក់​កុំព្យូទ័រ​ សាកល​វិទ្យាល័យ​ និង​ មជ្ឈម​ណ្ឌល​​ហ្វឹក​ហ្វឺនកុំព្យូទ័រ​​ឯកជន​នានា​ក្នុង​ប្រទេស​កម្ពុជា​ ។
  • បង្កើន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហ៊ុន​អភិវឌ្ឍ​កម្ម​វិធី​កុំព្យូទ័រ​ និង ស្ថាប័ន​រាជ​រដ្ឋាភិបាល ហើយ​រៀប​​ចំ​អភិវឌ្ឍ​កិច្ច​សន្យា​​​ជា​​មូល​​ដ្ឋាន​​ដោយ​​ធ្វើ​ការ​​វិភាគ​ទៅ​លើ​ថវិកា​នៃ​គម្រោង​ដែល​អាច​ធ្វើ​ទៅ​បាន​សម្រាប់​ថ្នាក់​ជាតិ​ និង​ថ្នាក់​រដ្ឋបាល​មូលដ្ឋាន
ប្រព័ន្ធ​ដែល​បាន​ពិចារណា​ក្នុង​គម្រោង​នេះ​រួមមាន​ ផ្ទៃប្រទាក់​របស់​អ្នក​ប្រើ​​ (មាន​លក្ខណៈ​ដូច​គ្នា​ទៅ​នឹង​ Windows របស់ Microsoft )និង កម្មវិធី​មូលដ្ឋាន​​មួយ​ចំនួន​ទៀត​​ដូចជា​ កម្មវិធី​វាយ​អត្ថបទ​ កម្មវិធី​គណនេយ្យ​ កម្មវិធី​រុករក​លើ​អ៊ិនធឺណិត កម្មវិធី​អ៊ីម៉ែល​ កម្មវិធី​គ្រប់គ្រង​មូលដ្ឋាន​ទិន្នន័យ និង​ កម្មវិធី​ប្រើប្រាស់​សំខាន់​ៗជា​ច្រើន​ទៀត​ ។ ការ​បកប្រែ​ទាំង អស់នឹង​រួមមាន​​ឯកសារ​ពេញលេញជា​ភាសា​ខ្មែរ​ ។

សមត្ថភាព និង​ផ្ទៃ​ប្រទាក់ នឹង​មាន​រូបរាង​ និង​គុណភាព​ដូច​គ្នា​ទៅ​នឹង​ផលិតផល​របស់​ក្រុម​ហ៊ុន Microsoft ដែរ​ ដែល​ជា​ប្រព័ន្ធ​មួយ​ដែល​កំពុង​ប្រើ​ប្រាស់​ច្រើន​បំផុត​ក្នុង​ប្រទេស​នៅ​ពេល​បច្ចុប្បន្ន ។

មូលដ្ឋាន​សម្រាប់​ការ​អភិវឌ្ឍន៍​ទាំង​នេះ​​ នឹង​ជា​កម្មវិធី​បើក​​​ទូលាយ​​ប្រភព​រហស្ស​​លិខ​​​ ដូច្នេះ​លទ្ធផល​នឹង​ស្ថិត​ក្នុង​ដែន​សាធារណៈ​ ហើយ​មិនគិត​ថ្លៃ​សម្រាប់​អ្នក​ប្រើ​ជា​ជន​ជាតិ​កម្ពុជា​ទាំងអស់​ ។ ហើយ​បើ​ទោះ​បី​ជា​​កម្មវិធី​មូលដ្ឋាន​ដែល​ប្រើ​ក្នុង​កុំព្យូទ័រ​ទាំងនេះ ជា​កម្មវិធី​មិន​គិត​ថ្លៃ​ក៏​ដោយ ក៏​ការ​អភិវឌ្ឍន៍​ដែល​​ធ្វើ​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ​​ សម្រាប់​អតិថិជន​របស់​ពួកគេ​នឹង មិន​មែន​ជា​កម្មវិធី​មិន​គិត​ថ្លៃ​នោះ​ទេ  ប៉ុន្តែ​នឹង​គោរព​ទៅ​តាម​ច្បាប់​អនុវត្ត​ពាណិជ្ជកម្ម​​ខ្នាត​​​​​គំរូ​ (​អនុម័ត​ដោយ​កិច្ច​សន្យា​អភិវឌ្ឍន៍ រវាង​​អតិថិជន​ និង អ្នក​អភិវឌ្ឍន៍)​ ។

ប្រព័ន្ធ​​នឹង​រួម​បញ្ចូល​នូវ​គ្រប់​ឧបករណ៍​ចាំបាច់​ ដើម្បី​អភិវឌ្ឍ​កម្មវិធី​ដែល​ត្រូវការ​ប្រើ​ផ្ទៃ​ប្រទាក់​ជា​ភាសា​ខ្មែរ​ និង ការ​រួម​បញ្ចូល​ទិន្នន័យ​​ជា​ភាសា​ខ្មែរ​​ក្នុង​មូលដ្ឋាន​ទិន្នន័យ​ ។

គម្រោង​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ ៖
  • ការ​បង្កើត​នូវ​​ពុម្ព​អក្សរ​ខ្មែរ​ក្នុង​ដែន​​សាធារណៈ​ ដែល​ផ្អែក​លើ​​ខ្នាត​គំរូ​ដែល​ប្រមូល​គ្នា​ជា​ក្រុម​ទូទាំង​ពិភពលោក (​យូនីកូដ)
  • និយមន័យ​ និង ការ​អភិវឌ្ឍន៍​ក្តារ​ចុច​ថ្មី សម​ស្រប​សម្រាប់​ការ​ប្រមូល​ពុម្ព​អក្សរ​តាម​ខ្នាត​គំរូ​ថ្មី ។
  • កញ្ចប់​សម្រាប់​ប្រព័ន្ធ​ថ្មី (រួម​មាន ឯកសារ) ដូច្នេះវា​នឹង​មាន​ភាព​ងាយ​ស្រួល​ដើម្បី ដំឡើង ​ចែកចាយ​ ​និង​ ​សិក្សា​ ។
  • រៀបចំ​ម៉ូឌីល​ហ្វឹកហ្វឺន​សម្រាប់​អ្នក​ប្រើ និង អ្នក​បច្ចេកទេស ។
  • ការ​អភិវឌ្ឍន៍​​សមត្ថភាព​ក្នុង​ការ​បង្កើត​កម្មវិធី​បើក​ទូលាយ​រហស្សលិខ នៅ​តាម​សកល​វិទ្យាល័យ​ និង ក្រុមហ៊ុន​អភិវឌ្ឍ​កម្មវិធី​កុំព្យូទ័រ​ឯកជន ។
  • ែនការ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ពេញលេញ​មួយ​ ។
គោល​ដៅ​ចុង​ក្រោយ​នៃ​គម្រោង​​គឺ បន្ទាប់​ពី​ការ​ចេញ​ផ្សាយកម្មវិធី​ភាសា​ខ្មែរ​នេះ​ភ្លាម យើង​នឹង​រួម​បញ្ចូល​ប្រព័ន្ធ​ថ្មី​នេះ​ទៅ​ក្នុង​កុំព្យូទ័រ​ដែល​លក់​ថ្មី​ៗ ក្នុង​ប្រទេស​កម្ពុជា​ចំនួន​ប្រហែល ២០ ភាគរយ បន្ទាប់​មក​នៅ​ឆ្នាំ​បន្ទាប់​ទី​ពីរ យើង​នឹង​សម្រេច​ឲ្យ​បាន ៥០ ភាគរយ ។ ហើយ​នៅ​ឆ្នាំ​ទី​បី យើង​សង្ឃឹម​ថា​ការ​រួម​បញ្ចូល​ប្រព័ន្ធ​​នេះ​ នឹង​ឈាន​ដល់ ​៨០ ភាគរយ ទោះបី​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​​ដទៃ​ទៀត​​ (ដូចជា​ Windows ជា​ដើម)​ត្រូវ​​បាន​គេ​ដំឡើង​​ពី​មុន​​ប្រព័ន្ធ​ថ្មី​នេះ​ក៏​ដោយ ។

នៅ​ពេល​បញ្ចប់​គម្រោង (ឬ​នៅ​ពេល​ណា​មួយ​សម​ស្រប) ៨០ ភាគរយ​នៃ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ផ្នែក​ទន់ នឹង​ត្រូវ​បាន​គេ​ជួល​ដើម្បី​បង្កើត​នូវ​ការងារ​ខ្លះ​ៗ សម្រាប់​ការ​គ្រប់​គ្រង​ក្នុង​ប្រទេស​កម្ពុជា ឬ​ក៏​បង្កើត​នូវ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ឯកជន​ក្នុង​ប្រទេស​កម្ពុជា​ផ្សេង​ទៀត ដែល​ជាប់​ទាក់​ទង​ទៅ​នឹង​ទិន្នន័យ​ភាសា​ខ្មែរ ។

គោលដៅ​ទាំងនេះ​មាន​ការ​ព្រៀង​ទាំង​ស្រុង ​ជាមួយ​​​គោល​នយោបាយ​បច្ចេក​វិទ្យា​ព័ត៌មាន និង ទស្សនៈ​របស់​​រាជរដ្ឋាភិបាល​​ ដូច​ដែល​ ឯ.ឧ​ សុខ ​អាន​ ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្រ្តី បាន​មាន​ប្រសាសន៍​នា​ឆ្នាំ​ ២០០១ ថា ៖

" គ្រប់​ច្បាប់​បទ​បញ្ជា​ និង គោល​នយោបាយ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ នឹង​ឆ្លុះ​បញ្ចាំង​នូវ​ការ​ណែនាំ​ ទាំង​ផ្នែកស្មារតី​ និង​ ទស្សនៈ ដូច​តទៅ​នេះ ៖

  • ដើម្បី​គាំទ្រ​ផល​ប្រយោជន៍​របស់​អ្នក​ប្រើ និង សាធារណៈ​ជន​ទូទៅ ។
  • ដើម្បី​ធានា​សុវត្ថិភាព​ព័ត៌មាន ខណៈ​ពេល​ជួយ​សម្រួល​ការ​ចូល​ដំណើ​​ការ​ទៅ​ព័ត៌មាន​សាធារណៈ​​អាច​ ធ្វើ​បាន​ដ៏​ទូលំ​ទូលាយ ។
  • ដើម្បី​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ​ទៅមក​ និង
  • ដើម្បី​ជៀសវាង​​អានិស្សរភាព​ប្រព័ន្ធ​មាន​កម្មសិទ្ធិ​ ត្រូវ​ផ្សព្វ​ផ្សាយ​​​​ប្រព័ន្ធ​​​បើក​​ទូលាយ​​ និង អន្តរ​ប្រតិបត្តិ​ជំនួស​វិញ "

ទំព័រ​ត្រូវ​បាន​កែ​ប្រែ​ចុង​ក្រោយ​នៅ​ ថ្ងៃ សៅរ៍ ទី ៣០ ខែ តុលា ឆ្នាំ ២០០៤

សម្រាប់​សេចក្តី​អធិប្បាយ​ណា​មួយ​អំពី​ទំព័រ​បណ្តាញ​ សូមទាក់ទង​ប្រធាន​បណ្តាញ​របស់​ដែន​នេះ