គម្រោង​ផ្តួច​ផ្តើម​កម្ម​វិធី​កុំព្យូទ័រ​ភាសា​ខ្មែរ

ចក្ខុ​វិស័យ

 
 
គម្រោង​កម្មវិធី​កុំព្យូទ័រ​ភាសា​ខ្មែរ​គឺ​កើត​ឡើង​ពី​ក្តី​ស្រម៉ៃដែល​ចង់​ធ្វើ​​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​​ព័ត៌មាន​វិទ្យា​ក្នុង​រយះ​ពេល​បី​ឆ្នាំ​ខាង​មុខ​ ។ យើង​ប្រមើល​មើល​ថា​នៅ​ឆ្នាំ​ ២០០៧ ​ប្រជាជន​កម្ពុជា​អាច​រៀន​សូត្រ​ និង ប្រើ​កុំព្យូទ័រ​ជា​ភាសា​​ជាតិ​​របស់​ខ្លួន "ជា​ប្រទេស​មួយ​ដែល​មិន​​ចាំ​បាច់​រៀន​ភាសា​ទី​ពីរ​សម្រាប់ ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ឡើយ" ។ កម្មវិធី​សម្រាប់​បញ្ចូល​ទិន្នន័យ និង កម្មវិធី​កុំព្យូទ័រ​ផ្សេងៗ​ នឹង​ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ផ្ទាល់​ជា​ភាសា​ខ្មែរ​តាម​មធ្យោបាយ​ងាយ​ស្រួល មាន​លក្ខណៈ​ជាខ្នាតគំរូ​ដែល​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រៀប​ចំ​ធ្វើ​បញ្ជី​ឈ្មោះ និង ធ្វើ​ទិន្នន័យ​ ។

ដើម្បីសម្រេចទិសដៅ​ខាង​លើ​នេះ ទាមទារ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​នូវ​កម្មវិធី​កុំព្យូទ័រ​ដែល​មាន​តម្លៃ​ថោក និង សម​ស្រប​ទៅ​នឹង​ស្ថាន​ភាព​សេដ្ឋកិច្ច ​និង​ ជំនួញ​របស់​ប្រជាជន​កម្ពុជា​ ។ ហើយ​ក៏ត្រូវ​តែ​មាន​ផង​ដែរ​នូវ​វិធី​គំរូ​ ដើម្បី​ប្រើ​ភាសា​ខ្មែរ ​។

យើង​ជឿ​ជាក់​ថា ​ដើម្បី​ចូល​ទៅ​ក្នុង​ពិភព​រេខូបនីយកម្ម​ដោយ​មិន​ធ្វើ​ឲ្យ​បាត់​បង់​វប្បធម៌​របស់​ខ្លួន ​ប្រទេស​មួយ ត្រូវ​តែ​ធ្វើ​កម្មវិធី​កុំព្យូទ័រ ​ជា​ភាសា​ជាតិ​របស់​ខ្លួន កម្មវិធី​កុំព្យូទ័រ​ជា​ភាសា​បរទេស​​​ ធ្វើ​​ឲ្យ​អ្នក​ឃ្លាតឆ្ងាយ​ពី​ពិភព​រេខូបនីយកម្ម​ ដោយសារ​មាន​ភាព​លំបាក​ក្នុង​​ការ​ហ្វឹកហ្វឺន​​ផ្នែក​កុំព្យូទ័រ​ជា​មូលដ្ឋាន និង​ ​តម្លៃក៏​​ថ្លៃ​ទៀត​  ធ្វើ​ឲ្យ​​ប្រជាជន​​ដែល​មាន​​​ធនធាន​សេដ្ឋកិច្ច​ទាប​​ មិន​អាច​​ធ្វើ​ការ​ដោយ​ប្រើ​កុំព្យូទ័រ​បាន​ ធ្វើឲ្យមាន​ឱនភាព​ខាង​​វប្បធម៌​ជាតិ​ និង រារាំង​ដំណើរការ​ផ្អែក​លើ​កុំព្យូទ័រ​របស់​រាជរដ្ឋាភិបាល​ ដោយសារ​តែ​ភាសា​ជាតិ​មិន​អាចប្រើ​បាន​​ក្នុង​មូលដ្ឋាន​ទិន្នន័យ ។

សំណាង​ល្អ ការ​ណែនាំ​នូវ​ខ្នាត​គំរូ​យូនីកូដ​ជា​ភាសា​ខ្មែរ បាន​បើក​ទូលាយ​ផ្លូវ​ដើម្បី ​ចាប់ផ្តើម​​អភិវឌ្ឍ​ការ​គាំទ្រ​ភាសា​ខ្មែរ​លើ​ប្រព័ន្ធ​ដំណើរការ​នានា ។

ហើយ​ក៏​មាន​រួច​ផង​ដែរ នូវ​កម្មវិធី​ដែល​មាន​គុណភាព​ខ្ពស់ ងាយ​ស្រួល​ប្រើ និង​ ឥត​គិត​ថ្លៃ ​ដែល​មាន​ឈ្មោះ​ថា កម្មវិធី​ឥត​គិត​ថ្លៃ ឬ កម្មវិធី​បើក​ទូលាយ​រហស្សលិខ ដែល​យើង​អាច​ប្រើ​ និង កែ​ប្រែ​រហស្សលិខ​បាន ។ វា​រួម​មាន​គ្រប់​កម្មវិធី​​​ដែល​អ្នក​ប្រើ​ធម្មតា​ត្រូវ​ការ​ដូចជា ៖​ ផ្ទៃតុ កម្មវិធី​ការិយាល័យ (កម្មវិធី​​វាយ​អត្ថបទ កម្មវិធី​​គណនេយ្យ កម្មវិធីបង្ហាញ កម្មវិធី​​គ្រប់គ្រង​មូលដ្ឋាន​ទិន្នន័យ) កម្មវិធី​អ៊ិនធឺណិត (អ៊ីម៉ែល កម្មវិធី​រុករក កម្មវិធី​ជជែក​​កំសាន្ត, កម្មវិធី​នាំ​សារ​), កម្មវិធី​កំសាន្ត​សម្រាប់​តន្ត្រី និង វីដេអូ ថែម​ទាំង​កម្មវិធី​ប្រើ​ប្រាស់​ជា​ច្រើន​ទៀត ។ ប្រទេស​ជា​ច្រើន​កំពុង​តែ​ជំរុញ​ឲ្យ​​មាន​ការប្រើ​ប្រាស់​កម្មវិធី​កុំព្យូទ័រ​ប្រភេទ​នេះ សម្រាប់​ការិយាល័យ​រាជរដ្ឋាភិបាល​របស់​ពួកគេ សម្រាប់​វិស័យ​ពាណិជ្ជកម្ម វិស័យ​អប់រំ និង សម្រាប់​ប្រជាជន​ទូទៅ ។

ជា​ការ​ពិត​នា​អតីតកាល ការ​ប្រើ​កុំព្យូទ័រ​ក្នុងប្រទេស​កម្ពុជា ភាគ​ច្រើនជា​ភាសា​អង់គ្លេស និង ជា​ច្បាប់​ចម្លង​គ្មាន​អាជ្ញាប័ណ្ណ​នៃ​​ផលិតផល​របស់​ Microsoft Windows ទៀត​ផង ការ​ពិត​គឺ​វា​នឹង​មាន​ច្បាប់​រក្សា​សិទ្ធិ​ថ្មី​មួយសម្រាប់​ប្រជាជន​កម្ពុជា​ មាន​ន័យ​ថា​ អ្នក​ប្រើ​ម្នាក់ៗ នឹង​ត្រូវ​ទិញ​អាជ្ញា​ប័ណ្ណ​សម្រាប់​ច្បាប់​ចម្លង​នៃ​កម្មវិធី​​និមួយៗ​ដែល​ដាក់​លក់​ដោយ​ក្រុម​ហ៊ុន​ដូច​ជា​ Microsoft ជាដើម ។  វា​មាន​តម្លៃ​ថ្លៃ​ណាស់​ សម្រាប់​​អ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​ជនជាតិ​ខ្មែរ​ភាគ​ច្រើន ។

កម្មវិធី​បើក​ទូលាយ​រហស្សលិខ និង​យូនីកូដ​ខ្មែរ​ នឹង​បង្កើត​នូវ​បច្ចេក​វិទ្យា​ដ៏​ប្រសើរ​បំផុត​មួយ​នា​ពេល​អនាគត សម្រាប់​ប្រទេស​កម្ពុជា ហើយ​យើង​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​នូវ​សមិទ្ធិផល​នេះ ។ យើង​ខ្ញុំ​សូម​ស្វាគមន៍លោក​អ្នកក្នុង​ការ​ចូល​រួម​សហការ​សម្រាប់​ចក្ខុ​វិស័យ​នេះ ។

គម្រោង​ផ្តួច​ផ្តើម​កម្មវិធីកុំព្យូទ័រជាភាសា​ខ្មែរត្រូវ​បាន​សម្រប​សម្រួល​ដោយ​ អង្គការ​វេទិកា​ទូទៅ​នៃ​កម្ពុជា ជា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​​ក្នុង​​ស្រុក​មួយ​ ដែល​មាន​ប្រវត្តិ​គាំ​ទ្រ​វិស័យ​ទូរគមនាគមន៍ និង បំលាស់​ប្តូរ​ព័ត៌មាន​ក្នុង​ប្រទេស​ជា​យូរ​មក​ហើយ ។

 

 

ទំព័រ​ត្រូវ​បាន​កែ​ប្រែ​ចុង​ក្រោយ​នៅ​ ថ្ងៃ សៅរ៍ ទី ៣០ ខែ តុលា ឆ្នាំ ២០០៤

សម្រាប់​សេចក្តី​អធិប្បាយ​ណា​មួយ​អំពី​ទំព័រ​បណ្តាញ​ សូមទាក់ទង​ប្រធាន​បណ្តាញ​របស់​ដែន​នេះ